មេឈ្មួញឈើ ខុសច្បាប់ឈ្មោះ ស៊ីនឿន សម្រុកកាប់ ឈើហ៊ុបស្រស់ៗ នៅក្នុង ព្រៃអារក្ស សហគមន៍ ចារ៉ាយភូមិភិ ភ្នំក្វាក យ៉ាងគគ្រឹគគគ្រេង

ខេត្តរតនគិរី ៖ ប្រភពច្បាស់ការណ៍ពីសហគមន៍នៅក្នុងខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ ស៊ីនឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរីកាត់ក្បាលកាត់ចុងស្ទួចឡានកែច្នៃប៉ាកុងដឹកទៅលក់ឲ្យឈ្មួញវៀតណាម ។


ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើ ដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្តប៉ាកុងដឹកឈើហ៊ុបមូល ទើបតែកាប់បានថ្មីហេីយ ស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ឈ្មោះ ចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹកនាំគ្រឿងចក្រជាច្រេីនគ្រឿងនិងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើសហគមន៍បានទាំងបំពានច្បាប់ ។


កន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បី ជាមន្ត្រីយោធា ឈ្មោះ ស៊ីនឿន ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុក អណ្តូងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែរកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។

កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ ស៊ីនឿន បានធ្វើសកម្មភាពដឹកជញ្ជូន ឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីត ដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរី។


ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែង ចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយឈ្មោះ ស៊ីនឿន នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ មានទីតាំងស្ថិតនៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូនឈើហ៊ុបមូលទាំងនេះ ឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយមិនញញើតច្បាប់ឡើយ។